Living Trust និង Will៖ តើមួយណាសមស្របសម្រាប់អ្នក?
មនុស្សភាគច្រើនដឹងថា ការរៀបចំផែនការអចលនទ្រព្យ (Estate Planning) គឺជារឿងសំខាន់។ ប៉ុន្តែមនុស្សជាច្រើនមិនដឹងថា គួរចាប់ផ្តើមពីចំណុចណានោះទេ។ សំណួរមួយដែលការិយាល័យច្បាប់ Law Office of Louis S. Haskell ទទួលបានញឹកញាប់បំផុតគឺ៖
"តើ Will និង Living Trust ខុសគ្នាដូចម្តេច? ហើយមួយណាល្អជាង?"
ចម្លើយគឺ អាស្រ័យលើស្ថានភាព និងគោលបំណងរបស់មនុស្សម្នាក់ៗ។ ទោះជាយ៉ាងណា សម្រាប់មនុស្សជាច្រើន ជាពិសេសអ្នកដែលជាម្ចាស់ផ្ទះ ឬជាម្ចាស់អចលនទ្រព្យ ការបង្កើត Revocable Living Trust អាចផ្តល់អត្ថប្រយោជន៍សំខាន់ៗច្រើនជាងការពឹងផ្អែកលើ Will តែមួយ។
ការយល់ដឹងអំពីរបៀបដំណើរការរបស់ឯកសារផែនការអចលនទ្រព្យទាំងពីរប្រភេទនេះ អាចជួយឱ្យអ្នកធ្វើការសម្រេចចិត្តប្រកបដោយចំណេះដឹង ដើម្បីការពារគ្រួសារ ផ្ទះ និងមរតកដែលអ្នកបានខិតខំកសាងទុកសម្រាប់មនុស្សជំនាន់ក្រោយ។
តើ Will មានតួនាទីអ្វី?
Will គឺជាឯកសារផ្លូវច្បាប់ដែលបញ្ជាក់ពីបំណងប្រាថ្នារបស់អ្នកអំពីរបៀបចែកចាយទ្រព្យសម្បត្តិរបស់អ្នក បន្ទាប់ពីអ្នកទទួលមរណភាព។
តាមរយៈ Will អ្នកក៏អាចកំណត់បុគ្គលម្នាក់ឱ្យធ្វើជាអ្នកគ្រប់គ្រង និងរៀបចំការបែងចែកទ្រព្យសម្បត្តិរបស់អ្នក (Personal Representative ដែលពីមុនគេហៅថា Executor)។ ប្រសិនបើអ្នកមានកូនអនីតិជន អ្នកក៏អាចកំណត់អាណាព្យាបាល (Guardian) សម្រាប់កូនរបស់អ្នកផងដែរ។
ទោះបីជា Will ជាផ្នែកដ៏សំខាន់នៃផែនការអចលនទ្រព្យក៏ដោយ ជាទូទៅ Will មិនអាចជួយឱ្យអចលនទ្រព្យរបស់អ្នកជៀសវាងនីតិវិធី Probate បានទេ។
Probate គឺជានីតិវិធីផ្លូវច្បាប់ដែលស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ ដើម្បីផ្ទៀងផ្ទាត់សុពលភាពរបស់ Will បង់បំណុល និងពន្ធដែលពាក់ព័ន្ធ ហើយបន្ទាប់មកទើបធ្វើការចែកចាយទ្រព្យសម្បត្តិទៅឱ្យអ្នកទទួលមរតក។
អាស្រ័យលើទំហំ និងភាពស្មុគស្មាញនៃអចលនទ្រព្យ នីតិវិធី Probate អាចចំណាយពេលរាប់ខែ ឬក្នុងករណីខ្លះ អាចអូសបន្លាយរយៈពេលយូរជាងនេះទៀត។
លើសពីនេះ វាក៏ពាក់ព័ន្ធនឹង៖
ការដាក់ឯកសារទៅតុលាការ
ការអនុវត្តនីតិវិធីផ្លូវច្បាប់
កំណត់ត្រាដែលអាចក្លាយជាឯកសារសាធារណៈ
សម្រាប់គ្រួសារជាច្រើន ការជៀសវាងនីតិវិធី Probate គឺជាគោលបំណងសំខាន់មួយនៃការរៀបចំផែនការអចលនទ្រព្យ។
អត្ថប្រយោជន៍ដ៏សំខាន់បំផុតមួយ៖ ការជៀសវាងនីតិវិធី Probate
Revocable Living Trust ដែលត្រូវបានរៀបចំ និងផ្ទេរទ្រព្យសម្បត្តិចូលទៅក្នុង Trust បានត្រឹមត្រូវ (Properly Funded) ត្រូវបានបង្កើតឡើង ដើម្បីឱ្យទ្រព្យសម្បត្តិដែលស្ថិតនៅក្នុង Trust អាចផ្ទេរទៅកាន់អ្នកទទួលផលដោយមិនចាំបាច់ឆ្លងកាត់នីតិវិធី Probate។
ជំនួសឱ្យការស្នើឱ្យតុលាការ Probate ត្រួតពិនិត្យ និងគ្រប់គ្រងការបែងចែកទ្រព្យសម្បត្តិរបស់អ្នក អ្នកទទួលបន្ទុកគ្រប់គ្រង Trust បន្ត (Successor Trustee) ដែលអ្នកបានជ្រើសរើស នឹងអនុវត្តតាមការណែនាំ និងបំណងប្រាថ្នារបស់អ្នក ដូចដែលមានចែងនៅក្នុងឯកសារ Trust។
វិធីសាស្ត្រនេះអាចផ្តល់អត្ថប្រយោជន៍សំខាន់ៗជាច្រើន រួមមាន៖
កាត់បន្ថយការចូលរួម និងការត្រួតពិនិត្យពីតុលាការ
រក្សាភាពឯកជនបានកាន់តែប្រសើរ
ធ្វើឱ្យការគ្រប់គ្រង និងការផ្ទេរទ្រព្យសម្បត្តិប្រព្រឹត្តទៅបានលឿនជាងមុន
កាត់បន្ថយការពន្យារពេល និងបន្ទុកសម្រាប់សមាជិកគ្រួសារ
ទោះជាយ៉ាងណា គួរយល់ថា ការរៀបចំ Trust តែមួយមុខ មិនទាន់គ្រប់គ្រាន់នោះទេ។
ម្ចាស់Trust ត្រូវតែ ផ្ទេរទ្រព្យសម្បត្តិចូលទៅក្នុង Trust ឱ្យបានត្រឹមត្រូវ (Properly Funded) ផងដែរ។ នោះមានន័យថា ទ្រព្យសម្បត្តិដែលសមស្រប ដូចជាអចលនទ្រព្យ គណនីហិរញ្ញវត្ថុ ឬទ្រព្យសម្បត្តិផ្សេងៗដែលគួរតែដាក់ក្នុង Trust ត្រូវផ្ទេរកម្មសិទ្ធិទៅឱ្យ Trust តាមនីតិវិធីច្បាប់។
ប្រសិនបើទ្រព្យសម្បត្តិណាមួយមិនត្រូវបានផ្ទេរចូលក្នុង Trust ទេ ទ្រព្យសម្បត្តិនោះនៅតែអាចត្រូវឆ្លងកាត់នីតិវិធី Probate បន្ទាប់ពីអ្នកទទួលមរណភាព។
ការរៀបចំផែនការសម្រាប់ករណីបាត់បង់សមត្ថភាពក្នុងការគ្រប់គ្រងកិច្ចការរបស់ខ្លួន
ការរៀបចំផែនការអចលនទ្រព្យ មិនមែនផ្តោតតែលើអ្វីដែលកើតឡើងបន្ទាប់ពីអ្នកទទួលមរណភាពប៉ុណ្ណោះទេ។
វាក៏ជាការរៀបចំដើម្បីការពារខ្លួនអ្នក ក្នុងអំឡុងពេលដែលអ្នកនៅមានជីវិតផងដែរ។
ប្រសិនបើជំងឺ គ្រោះថ្នាក់ ឬវ័យចាស់ ធ្វើឱ្យអ្នកលែងមានសមត្ថភាពគ្រប់គ្រងកិច្ចការហិរញ្ញវត្ថុ ឬទ្រព្យសម្បត្តិរបស់ខ្លួន Revocable Living Trust ដែលត្រូវបានរៀបចំយ៉ាងត្រឹមត្រូវ អនុញ្ញាតឱ្យ អ្នកទទួលបន្ទុកគ្រប់គ្រង Trust បន្ត (Successor Trustee) ដែលអ្នកបានជ្រើសរើស ចូលមកបន្តគ្រប់គ្រងទ្រព្យសម្បត្តិរបស់ Trust ស្របតាមលក្ខខណ្ឌ និងការណែនាំដែលមានចែងក្នុងឯកសារ Trust។
ការរៀបចំបែបនេះ អាចជួយកាត់បន្ថយការរំខាន និងបញ្ហាដែលគ្រួសារអាចប្រឈមមុខ ហើយក្នុងករណីជាច្រើន ក៏អាចកាត់បន្ថយតម្រូវការក្នុងការស្នើសុំឱ្យតុលាការតែងតាំងអ្នកគ្រប់គ្រងទ្រព្យសម្បត្តិផងដែរ។
ជាទូទៅ ផែនការអចលនទ្រព្យដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក៏រួមបញ្ចូលឯកសារសំខាន់ៗផ្សេងទៀត ដូចជា Durable Power of Attorney (លិខិតប្រគល់សិទ្ធិអំណាចដែលមានប្រសិទ្ធភាពបន្ត) និង Health Care Proxy (លិខិតតែងតាំងអ្នកសម្រេចចិត្តផ្នែកសុខាភិបាល) ដើម្បីគ្រប់គ្រងកិច្ចការផ្លូវច្បាប់ និងការសម្រេចចិត្តដែលមិនស្ថិតនៅក្រោម Trust។
ហេតុអ្វីការផ្ទេរកម្មសិទ្ធិផ្ទះឱ្យកូនក្នុងអំឡុងពេលដែលអ្នកនៅមានជីវិត អាចជាកំហុសដែលនាំអោយមានការខាតបង់ខ្ពស់?
ឪពុកម្តាយជាច្រើនជឿថា ការផ្ទេរកម្មសិទ្ធិផ្ទះទៅឱ្យកូន ខណៈដែលខ្លួននៅមានជីវិត គឺជាវិធីងាយស្រួលបំផុតក្នុងការជៀសវាងនីតិវិធី Probate។
ជាអកុសល ការសម្រេចចិត្តបែបនេះអាចបង្កឱ្យមានផលវិបាកផ្នែកច្បាប់ និងហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។
នៅពេលដែលកម្មសិទ្ធិត្រូវបានផ្ទេររួច ផ្ទះនោះតាមផ្លូវច្បាប់ នឹងក្លាយជាកម្មសិទ្ធិរបស់កូនអ្នក មិនមែនជាកម្មសិទ្ធិរបស់អ្នកទៀតឡើយ។
ជាលទ្ធផល អចលនទ្រព្យនោះអាចប្រឈមនឹង៖
បំណុល ឬការទាមទារពីម្ចាស់បំណុលរបស់កូនអ្នក
ការបែងចែកទ្រព្យសម្បត្តិក្នុងដំណើរការលែងលះ
ការក្ស័យធន
ការប្តឹងផ្តល់តាមផ្លូវច្បាប់
ការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុដែលអ្នកមិនអាចគ្រប់គ្រង ឬគ្រប់គ្រងបានទៀត
ទោះបីជាកូនរបស់អ្នកមានបំណងល្អបំផុតក៏ដោយ ព្រឹត្តិការណ៍ដែលមិនបានរំពឹងទុកក្នុងជីវិត អាចធ្វើឱ្យផ្ទះរបស់អ្នកស្ថិតក្នុងហានិភ័យ។
សម្រាប់គ្រួសារជាច្រើន ការផ្ទេរកម្មសិទ្ធិផ្ទះទៅឱ្យកូនក្នុងអំឡុងពេលដែលខ្លួននៅរស់ មិនមែនជាយុទ្ធសាស្ត្រល្អបំផុតសម្រាប់ការរៀបចំផែនការអចលនទ្រព្យនោះទេ។
ស្វែងយល់អំពី Step-Up in Basis
អត្ថប្រយោជន៍មួយនៃការរៀបចំផែនការអចលនទ្រព្យ ដែលមនុស្សជាច្រើនមើលរំលង គឺការកាត់បន្ថយបន្ទុក ពន្ធលើប្រាក់ចំណេញពីការលក់ទ្រព្យ (Capital Gains Tax)។
ឧទាហរណ៍ សន្មតថា អ្នកបានទិញផ្ទះមួយកាលពីច្រើនឆ្នាំមុន ក្នុងតម្លៃ 50,000 ដុល្លារ។
បច្ចុប្បន្ន ផ្ទះនោះមានតម្លៃទីផ្សារប្រមាណ 500,000 ដុល្លារ។
ប្រសិនបើអ្នកផ្ទេរផ្ទះនេះទៅឱ្យកូនរបស់អ្នក ខណៈដែលអ្នកនៅមានជីវិត ជាទូទៅ កូនរបស់អ្នកនឹងទទួលបាន មូលដ្ឋានគណនាពន្ធ (Tax Basis) ដូចគ្នានឹងអ្នក។ ប្រសិនបើកូនរបស់អ្នកលក់ផ្ទះនៅពេលក្រោយ គាត់អាចត្រូវបង់ពន្ធលើប្រាក់ចំណេញពីការកើនឡើងនៃតម្លៃផ្ទះក្នុងចំនួនដ៏ច្រើន។
ផ្ទុយទៅវិញ ប្រសិនបើកូនរបស់អ្នកទទួលមរតកផ្ទះ បន្ទាប់ពីអ្នកទទួលមរណភាព មូលដ្ឋានគណនាពន្ធរបស់អចលនទ្រព្យ ជាទូទៅ នឹងត្រូវកែតម្រូវទៅតាម តម្លៃទីផ្សារសមរម្យនៅថ្ងៃទទួលមរណភាព តាមគោលការណ៍ដែលគេស្គាល់ថា Step-Up in Basis។
ប្រសិនបើកូនរបស់អ្នកលក់ផ្ទះភ្លាមៗ ឬក្នុងរយៈពេលខ្លីបន្ទាប់ពីទទួលមរតក ក្នុងតម្លៃប្រហាក់ប្រហែលនឹងតម្លៃទីផ្សារនោះ គាត់អាចនឹងបង់ពន្ធលើប្រាក់ចំណេញតិចបំផុត ឬមិនចាំបាច់បង់សោះ។
ដោយសារច្បាប់ពន្ធមានភាពស្មុគស្មាញ ហើយមានករណីលើកលែងជាច្រើន គ្រួសារទាំងអស់គួរពិគ្រោះជាមួយមេធាវីដែលមានបទពិសោធន៍ផ្នែក Estate Planning មុនពេលសម្រេចចិត្តផ្ទេរកម្មសិទ្ធិអចលនទ្រព្យ។
តើ Living Trust អាចការពារទ្រព្យសម្បត្តិពីម្ចាស់បំណុលបានដែរឬទេ?
នេះគឺជាបញ្ហាមួយដែលមនុស្សជាច្រើនយល់ច្រឡំ។
Revocable Living Trust មិនត្រូវបានបង្កើតឡើងដើម្បីការពារទ្រព្យសម្បត្តិរបស់អ្នកពីម្ចាស់បំណុលរបស់អ្នក ក្នុងអំឡុងពេលដែលអ្នកនៅមានជីវិតនោះទេ។
ដូចគ្នានេះដែរ ទោះបីជា Living Trust អាចជួយសម្រួលការគ្រប់គ្រងអចលនទ្រព្យ និងជួយឱ្យទ្រព្យសម្បត្តិដែលបានផ្ទេរចូល Trust ត្រឹមត្រូវ ជៀសវាងនីតិវិធី Probate ក៏ដោយ ក្រោមច្បាប់រដ្ឋ Massachusetts វាមិនមែនជាមធ្យោបាយដែលអាចការពារទ្រព្យសម្បត្តិពីការទាមទារដោយស្របច្បាប់របស់ម្ចាស់បំណុល បន្ទាប់ពីម្ចាស់ Trust ទទួលមរណភាព បានទាំងស្រុងនោះទេ។
ស្ថានភាពរបស់អចលនទ្រព្យនីមួយៗមានភាពខុសគ្នា ហើយសិទ្ធិរបស់ម្ចាស់បំណុល អាស្រ័យលើអង្គហេតុជាក់លាក់ និងច្បាប់ដែលអនុវត្តចំពោះករណីនីមួយៗ។
តើ Revocable Living Trust សមស្របសម្រាប់មនុស្សគ្រប់រូបដែរឬទេ?
មិនទាំងស្រុងនេាះទេ។
មនុស្សមួយចំនួន ត្រូវការត្រឹមតែ Will ដែលត្រូវបានរៀបចំយ៉ាងត្រឹមត្រូវ និងស្របតាមច្បាប់។
ប៉ុន្តែ សម្រាប់មនុស្សជាច្រើន ជាពិសេសអ្នកដែល៖
ជាម្ចាស់ផ្ទះ
មានអចលនទ្រព្យច្រើន
ចង់ធ្វើឱ្យការផ្ទេរទ្រព្យសម្បត្តិទៅអ្នកទទួលមរតកមានភាពសាមញ្ញ
ឱ្យតម្លៃលើភាពឯកជន
ចង់ឱ្យបុគ្គលដែលខ្លួនទុកចិត្ត អាចបន្តគ្រប់គ្រងទ្រព្យសម្បត្តិ ប្រសិនបើខ្លួនបាត់បង់សមត្ថភាព
ចង់កាត់បន្ថយពេលវេលា និងការចំណាយដែលពាក់ព័ន្ធនឹងនីតិវិធី Probate
Revocable Living Trust អាចផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន។
ផែនការអចលនទ្រព្យដែលសមស្របបំផុត អាស្រ័យលើស្ថានភាពគ្រួសារ ទ្រព្យសម្បត្តិ និងគោលបំណងរយៈពេលវែងរបស់អ្នក។
មិនមានដំណោះស្រាយតែមួយណា ដែលសមស្របសម្រាប់មនុស្សគ្រប់រូបនោះទេ។
ការពារគ្រួសាររបស់អ្នកដោយការរៀបចំផែនការអចលនទ្រព្យ ប្រកបដោយការគិតគូរ
ការរៀបចំផែនការអចលនទ្រព្យ មិនមែនគ្រាន់តែជាការកំណត់ថា អ្នកណានឹងទទួលបានទ្រព្យសម្បត្តិរបស់អ្នក បន្ទាប់ពីអ្នកទទួលមរណភាពប៉ុណ្ណោះទេ។
វាគឺជាការការពារមនុស្សដែលអ្នកស្រឡាញ់ ការថែរក្សាទ្រព្យសម្បត្តិដែលអ្នកបានខិតខំកសាង និងការធ្វើឱ្យដំណាក់កាលដ៏លំបាកបំផុតក្នុងជីវិត កាន់តែងាយស្រួលសម្រាប់គ្រួសាររបស់អ្នក។
ថាតើអ្នកគួររៀបចំ Will, Revocable Living Trust ឬផែនការអចលនទ្រព្យដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយនោះ គឺអាស្រ័យលើស្ថានភាព និងតម្រូវការជាក់លាក់របស់អ្នក។
នៅ Law Office of Louis S. Haskell យើងចំណាយពេលស្តាប់ និងស្វែងយល់ពីគោលបំណងរបស់អតិថិជនម្នាក់ៗ ព្រមទាំងពន្យល់អំពីជម្រើសផ្លូវច្បាប់របស់អ្នកដោយភាសាច្បាស់លាស់ និងងាយយល់ ដើម្បីឱ្យអ្នកអាចធ្វើការសម្រេចចិត្តដោយមានទំនុកចិត្ត។
ប្រសិនបើអ្នកចង់ដឹងថា Revocable Living Trust សមស្របសម្រាប់អ្នក ឬគ្រួសាររបស់អ្នកដែរឬទេ សូមទាក់ទង Attorney Louis S. Haskell ដើម្បីកំណត់ពេលពិគ្រោះយោបល់។ យើងរីករាយក្នុងការជួយអ្នករៀបចំផែនការសម្រាប់អនាគត ការពារទ្រព្យសម្បត្តិ និងថែរក្សាមរតករបស់អ្នកសម្រាប់មនុស្សជំនាន់ក្រោយ។